យកម៉ូតូមកទិញសាច់ក្លែមស៊ីដាច់យកមកបញ្ចាំប៉េអឹមឃាត់ខ្លួន

ជនសង្ស័យទាំង៣នាក់រួមមាន ១-ឈ្មោះអ៊ុច ពេក ភេទប្រុស អាយុ២៨ឆ្នាំ ២-ឈ្មោះសៅ ក្រៀល ភេទប្រុស អាយុ២១ឆ្នាំ និង៣-ឈ្មោះឃឹម គឹមឡុង ភេទប្រុស អាយុ២៨ឆ្នាំ ។ ទាក់ទិននឹងឈ្មោះអ៊ុច ពេក និងឈ្មោះសៅ ក្រៀល គឺជាអ្នកសីុដាច់ម៉ូតូរបស់គេ និងមានទីលំនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងឈ្មោះឃឹម គឹមឡុង ជាអ្នកទទួលបញ្ចាំមានទីលំនៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ។
ជុំវិញការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប៉េអឹមក្រុងប្រាប់ថា មុនការឃាត់ខ្លួន គឺមានបុរសម្នាក់ឈ្មោះឡៃ ប៉ោង អាយុ៤៥ឆ្នាំ មានទីលំនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ បានប្តឹងថា ជនសង្ស័យឈ្មោះអ៊ុច ពេក និងឈ្មោះសៅ ក្រៀល យកម៉ូតូរបស់គាត់គេចបាត់ក្រោយពីពួកគេកុហកថា ទៅទិញសាច់ក្លែម ខណៈរូបគាត់បានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិ។
លោកវរសេនីយ៍ត្រី ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់កោះសន្តិភាពថា ក្រោយពីកម្លាំងប៉េអឹមទទួលពាក្យបណ្តឹងពីជនរងគ្រោះ ហើយដោយក្តាប់បានមុខសញ្ញាក៏បានចាប់ឃាត់ខ្លួនឈ្មោះអ៊ុច ពេក និងឈ្មោះសៅ ក្រៀល បានភ្លាមៗហើយសួរនាំរួចក៏ឈានទៅឃាត់ខ្លួនទាំងឈ្មោះឃឹម គឹមឡុង ម្នាក់ទៀតដែលទទួលបញ្ចាំផលចោរកម្ម ។